១. ប្រូហ្វាល Google Maps មិនពេញលក្ខណៈ
អាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាធ្វើការបង្កើតការចុះឈ្មោះលើ Google Maps ក៏ប៉ុន្តែទុកចន្លោះទំនេរមិនព្រមបំពេញនៅលើប្រូហ្វាល។ ការមិនមាន ការពិពណ៌នាអំពីអាជីវកម្ម សេវាកម្ម ម៉ោងដំណើរការ ឬរូបថត ធ្វើឲ្យការដាក់តាំងលើ Google Maps មិនមានលក្ខណៈបែបអាជីព។ ហ្គូកហ្គលចូលចិត្តជាងចំពោះប្រូហ្វាលដែលពេញលេញ ហើយអតិថិជនក៏ទុកចិត្តអាជីវកម្មដែលផ្តល់នូវព័ត៌មានច្បាស់លាស់ និងលំអិតផងដែរ។
២. ព័ត៌មានអាជីវកម្មមិនត្រឹមត្រូវ ឬមិនដូចគ្នា
កំហុសមួយដ៏ញឹកញាប់នោះគឺការប្រើប្រាស់លេខទូរស័ព្ទខុស អាស័យដ្ឋានខុស ឬឈ្មោះអាជីវកម្មខុស។ នៅពេលព័ត៌មានលើ Google Maps មិនត្រូវគ្នានឹងផេកហ្វេសប៊ុក ឬវេបសាយ Google អាចនឹងធ្វើឲ្យការដាក់តាំងនោះមិនទទួលបាន វីយូ (Views)។ អតិថិជនក៏អាចនឹងមានអារម្មណ៍ច្រឡំ ឬអន់ចិត្ត នៅពេលដែលពួកគេមិនអាចទាក់ទង ឬរកឃើញនូវអាជីវកម្មណាមួយដោយងាយ។
៣. ការរើសប្រភេទអាជីវកម្មមិនត្រឹមត្រូវ
ប្រភេទអាជីវកម្មជួយ Google ឲ្យយល់ពីថាតើអាជីវកម្មមួយផ្តល់ជូននូវផលិតផល ឬសេវាកម្មអ្វីខ្លះ។ អាជីវកម្មជាច្រើនតែងរើសយកប្រភេទអាជីវកម្មមួយដែលមានលក្ខណៈទូទៅពេក ឬ មិនត្រូវតែម្តង។ នៅពេលដែលប្រភេទមិនត្រឹមត្រូវ ការដាក់តាំងអាចនឹងបង្ហាញនៅក្នុងការរាវរកដែលមិនចំគោលដៅ ឬមិនលេចឡើងក្នុងការរាវរកតែម្តង ដែលវាធ្វើឲ្យថយចុះនូវចំនួនអ្នកចូលមើលដែលអាចនឹងទិញផលិតផល ឬសេវាកម្ម។
៤. កង្វះនូវរូបថតពិត និងមានគុណភាពខ្ពស់
ការដាក់តាំងលើ Google Maps មួយចំនួន មិនមានរូបថត ឬមានរូបថតតែមួយដែលមិនច្បាស់ទៀត។ អតិថិជនក្នុងប្រទេសកម្ពុជាពឹងផ្អែកសំខាន់ទៅលើមាតិកាដែលគេអាចមើលឃើញដូចជារូបភាព មុននឹងពួកគេសំរេចចិត្តថាមកមើលអាជីវកម្មមួយ។ ការអាប់ឡូតរូបថតពិតៗ នៃទីតាំង ផលិតផល បុគ្គលិក និងបរិវេណជួយកសាងទំនុកចិត្ត និងបង្កើនអន្តរទំនាក់ទំនង។
៥. ការមិនអើពើនឹងការខមិន រីវីយូរបស់អតិថិជន
អាជីវកម្មជាច្រើនទទួលបានការរីវីយូ ប៉ុន្តែមិនដែលឆ្លើយតបទៅនឹងខមិនទាំងនោះទេ។ ការឆ្លើយតបទៅកាន់ទាំង ការខមិនវិជ្ជមាន និងអវិជ្ជមាន បង្ហាញនូវភាពជាអាជីព និងការខ្វាយខ្វល់ចំពោះអតិថិជន។ Google ក៏គិតទៅលើអន្តរទំនាក់ទំនងសកម្មជាសញ្ញាមួយនៃការដំឡើងឲ្យខ្ពស់ក្នុងលទ្ធផលនៃការរាវរករបស់អតិថិជនផងដែរ។
៦. ការប្រើប្រាស់ពាក្យគន្លឹះក្លែងក្លាយទៅលើឈ្មោះអាជីវកម្ម
អាជីវកម្មមួយចំនួនព្យាយាមបន្ថែមពាក្យគន្លឹះ (Keyword) ឬទីតាំងទៅលើឈ្មោះអាជីវកម្មរបស់ពួកគេដើម្បីទទួលបានការដំឡើងខ្ពស់ក្នុងការរាវរក។ ការអនុវត្តបែបនេះគឺបំពាននឹងគោលការណ៍របស់ Google ហើយអាចនាំឲ្យមានការបញ្ឈប់ការដាក់តាំង ឬកាត់បន្ថយការចូលមើល។ ការប្រើប្រាស់ឈ្មោះអាជីវកម្មផ្លូវការណ៍ និងពិតប្រាកដតែងតែមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងក្នុងរយៈពេលវែង។
៧. ការមិនធ្វើបច្ចុប្បន្នភាពអំពីម៉ោងដំណើរការ និងកាលវិភាគនៅថ្ងៃឈប់សំរាក
ការបរាជ័យក្នុងការធ្វើបច្ចុប្បន្នភាពនូវម៉ោងធ្វើការ ជាពិសេសនៅពេលបុណ្យជាតិ គឺជាបញ្ហាញឹកញាប់មួយ។ អតិថិជនក្នុងប្រទេសកម្ពុជាពឹងផ្អែកលើ Google Maps ដើម្បីដឹងពេលវេលាជាក់លាក់។ ពេលវេលាដែលមិនត្រឹមត្រូវអាចបង្កើតបទពិសោធន៍មិនល្អសំរាប់អតិថិជន និងការរីវីយូ មិនល្អផងដែរ។
៨. ការមិនអើពើក្នុងការគ្រប់គ្រងផែនទី Google Maps ជាប់ជានិច្ច
អាជីវកម្មជាច្រើនបង្កើត Google Maps តែម្តង ហើយមិនដែលធ្វើការអាប់ដេតវាម្តងទៀតឡើយ។ Google Maps ទាមទារនូវការថែរក្សាជាប់ជានិច្ច ដូចជា ការបន្ថែមរូបថតថ្មី ការឆ្លើយតបទៅនឹងការខមិន និងការធ្វើបច្ចុប្បន្នភាពនូវព័ត៌មានថ្មីៗ។ ការគ្រប់គ្រងដែលសកម្មតែងទទួលលទ្ធផលប្រសើរជាង ពិសេសក្នុងវិស័យដែលមានការប្រកួតប្រជែងខ្លាំង។
សេចក្តីសន្និដ្ឋាន៖ ប្រើប្រាស់ Google Maps ជាឧបករណ៍ធ្វើទីផ្សារជាប់ជានិច្ច
Google Maps គឺជាឆាណែលសំរាប់ធ្វើទីផ្សារដោយឥតគិតថ្លៃមួយដ៏មានប្រសិទ្ធភាព សំរាប់អាជីវកម្មក្នុងប្រទេសកម្ពុជា នៅពេលដែលអ្នកប្រើវាបានត្រឹមត្រូវ។ ការជៀសវាងនូវកំហុសដែលកើតឡើងញឹកញាប់ដូចដែលបានរៀបរាប់ខាងលើ និងធ្វើការគ្រប់គ្រងវាដោយភាពសកម្មអាចបង្កើនការចូលមើលយ៉ាងសន្ធឹកសន្ធាប់ ជួយកសាងទំនុកចិត្តរបស់អតិថិជន និងចំនួនអតិថិជនដែលមកផ្ទាល់។
Discover more from Nara Agency
Subscribe to get the latest posts sent to your email.

