ពន្យល់ងាយយល់៖ អ្វីទៅជា ឌីជីថលម៉ាឃីតធីង ឬការធ្វើទីផ្សារបែបឌីជីថល? 

ម្ចាស់អាជីវកម្មជាច្រើនបានលឺពាក្យថា Digital Marketing ឬជាខ្មែរ ប្រែថា ការធ្វើទីផ្សារបែបឌីជីថល ឬឌីជីថលម៉ាឃីតធីង ជាញឹកញយជារៀងរាល់ថ្ងៃ ប៉ុន្តែនៅតែមិនបានយល់ច្បាស់ថា វាជាអ្វីឲ្យប្រាកដ។ អ្នកមួយចំនួនគិតថា វាមានភាពស្មុគ្រស្មាញ ប្រើការចំនាយច្រើន ឬ​សំរាប់តែក្រុមហ៊ុនធំៗ។ តាមពិតទៅ ឌីជីថលម៉ាឃីតធីង គឺសំដៅយ៉ាងខ្លីទៅលើការប្រើប្រាស់អ៊ីនថឺណែតដើម្បីជួយមនុស្សឲ្យរកឃើញ ទុកចិត្ត និងជ្រើសរើសយកអាជីវកម្មរបស់អ្នក។ អត្ថបទនេះនឹងពន្យល់អំពី ឌីជីថលម៉ាឃីតធីង ឲ្យងាយយល់បំផុត ដើម្បីឲ្យម្ចាស់អាជីវកម្មបានយល់ច្បាស់។ 

អ្វីទៅជា ឌីជីថលម៉ាឃីតធីង?

ឌីជីថលម៉ាឃីតធីង សំដៅលើការប្រូម៉ូតអាជីវកម្មរបស់អ្នកដោយប្រើប្រាស់ឧបករណ៍អនឡាញ។ ឧបករណ៍អនឡាញទាំងនេះរួមមាន បណ្តាញសង្គម ហ្គូហ្គល គេហទំព័រ វីដេអូ និងការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ។ មិនចាំតែអតិថិជនដើរកាត់ហាងរបស់អ្នក ឌីជីថលម៉ាឃីតធីង ជួយអាជីវកម្មរបស់អ្នកលេចឡើងនៅកន្លែងដែលអតិថិជនតែងតែចំនាយពេល ដែលភាគច្រើននោះគឺ ទូរស័ព្ទស្មាតហ្វូន និងវេទិកាអនឡាញនានា ដូចជាហ្វេសប៊ុកជាដើម។ 

និយាយឲ្យងាយយល់គឺ ឌីជីថលម៉ាឃីតធីងជួយអតិថិជនឲ្យដឹងថា អាជីវកម្មរបស់អ្នកមានវត្តមាន យល់ពីការផ្តល់ជូនរបស់អាជីវកម្មអ្នក និងមានអារម្មណ៍ទុកចិត្តគ្រប់គ្រាន់ក្នុងការទាក់ទងអ្នក ឬទៅមើលហាងអ្នក។ 

ហេតុអ្វីបានជាឌីជីថលម៉ាឃីតធីង មានសារសំខាន់សំរាប់អាជីវកម្មក្នុងស្រុក? 

សព្វថ្ងៃនេះ អតិថិជនភាគច្រើនធ្វើការស្រាវជ្រាវតាមអនឡាញ មុននឹងពួកគេទិញអ្វីមួយ។ ពួកគេស្រាវជ្រាវរាវរកលើ ហ្គូកហ្គល ឆែកមើលហ្វេសប៊ុកផេក អានមតិយោបល់ (រីវីយូ) ឬមើលវីដេអូ។ ប្រសិនបើអាជីវកម្មរបស់អ្នកមិនអាចត្រូវគេមើលឃើញលើអនឡាញ អតិថិជនអាចនឹងមិនដឹងថា អាជីវកម្មរបស់អ្នកកំពុងមានវត្តមានឡើយ បើទោះបីជាផលិតផល ឬសេវាកម្មរបស់អ្នកល្អប្រសើរក៏ដោយ។ 

ឌីជីថលម៉ាឃីតធីងជួយអាជីវកម្មរបស់អ្នកឲ្យមានវត្តមានគ្រប់ពេលវេលា។ បើទោះបីនៅពេលដែលហាងរបស់អ្នកបិទក៏ដោយ មនុស្សនៅតែអាចរកអាជីវកម្មរបស់អ្នក អានព័ត៌មានរបស់អាជីវកម្មអ្នក និងសម្រេចចិត្តថាជ្រើសរើសអ្នក ឬអត់។ 

ឌីជីថលម៉ាឃីតធីងមិនមែនជាការផ្សាយពាណិជ្ជកម្មតែមួយមុខនោះទេ

ម្ចាស់អាជីវកម្មជាច្រើនយល់ថា ឌីជីថលម៉ាឃីតធីងគឺជាការផ្សាយពាណិជ្ជកម្មតាមអនឡាញ។ ការផ្សាយពាណិជ្ជកម្មគ្រាន់តែជាផ្នែកមួយតូចនៃឌីជីថលម៉ាឃីតធីងប៉ុណ្ណោះ។ ការធ្វើឌីជីថលម៉ាឃីតធីងពិតប្រាកដគឺជាការកសាងទំនុកចិត្តក្នុងរយៈពេលវែង។ 

នៅពេលដែលមនុស្សមើលឃើញការផូសមានប្រយោជន៍ ព័ត៌មានច្បាស់លាស់ រូបថតពិតៗ និងការខមិនយោបល់ពិត ពួកគេចាប់ផ្តើមទុកចិត្តលើអាជីវកម្មរបស់អ្នក។ ទំនុកចិត្តគឺជាកត្តាដែលប្រែក្លាយអ្នកចូលមើលធម្មតាទៅជាអតិថិជន។ ការផ្សាយពាណិជ្ជកម្មមានប្រសិទ្ធភាពជាងនៅពេលដែលទំនុកចិត្តត្រូវបានកសាងរួចហើយ។ 

បណ្តាញសង្គមជាអ្វី?

បណ្តាញសង្គមគឺជាទីកន្លែងមួយដែលអាជីវកម្មនិយាយទៅកាន់អតិថិជន មិនត្រឹមតែលក់មួយមុខនោះទេ។ វេទិកាដូចជា ហ្វេសប៊ុក តិចតុក និងអ៊ីនស្តាក្រាម អនុញ្ញាតិឲ្យអ្នកធ្វើការចែករំលែកព័ត៌មានថ្មីៗ ពន្យល់ពីសេវាកម្មរបស់អ្នក បង្ហាញការងាររបស់អ្នក និងឆ្លើយតបនឹងសំនួរផ្សេងៗ។ 

អ្នកមិនចាំបាច់ផូសរាល់ថ្ងៃ ឬធ្វើឲ្យល្អឥតខ្ជោះនោះទេ។ អ្វីដែលសំខាន់គឺការបង្ហាញភាពពិត ផ្តល់ជំនួយ និងមានភាពជាប់លាប់។ បណ្តាញសង្គមជួយអតិថិជនឲ្យមានអារម្មណ៍ស្គាល់អាជីវកម្មរបស់អ្នកមុននឹងពួកគេមកមើល ឬទាក់ទងមកអ្នក។ 

ហ្គូកហ្គល និងការរាវរកអនឡាញ

នៅពេលដែលមនុស្សត្រូវការអ្វីមួយ ពួកគេជាធម្មតាស្វែងរកលើហ្គូកហ្គល។ ឌីជីថលម៉ាឃីតធីងជួយអាជីវកម្មរបស់អ្នកឲ្យលេចឡើងនៅក្នុងការរាវរកទាំងនោះ។ នេះអាចតាមរយៈប្រូហ្វាលអាជីវកម្មលើហ្គូកហ្គល (Google Business Profile) តាមរយៈគេហទំព័រមួយ ឬតាមរយៈមតិយោបល់របស់អតិថិជនណាមួយ។

បើសិនអាជីវកម្មរបស់អ្នកលេចឡើងលើ ផែនទីហ្គូកហ្គល (Google Maps) ជាមួយព័ត៌មានត្រឹមត្រូវ និងមតិយោបល់ល្អៗ អតិថិជនអាចនឹងទុកចិត្តលើអ្នក។ សំរាប់អាជីវកម្មក្នុងស្រុក ភាគច្រើន ហ្គូកហ្គលមានឥទ្ធិពលជាងបណ្តាញសង្គម។  

មាតិកាមានន័យថា ការចែករំលែកព័ត៌មានមានប្រយោជន៍

ក្នុងការធ្វើឌីជីថលម៉ាឃីតធីង ពាក្យថា មាតិកា​ មានន័យសាមញ្ញជា អ្វីៗដែលអ្នកចែករំលែកអនឡាញ។ វាអាចជា ផូស រូបថត វីដេអូខ្លី ឬការពន្យល់អំពីអ្វីមួយ។ មាតិកាល្អគឺឆ្លើយសំនួររបស់អតិថិជន ពន្យល់ពីសេវាកម្មរបស់អ្នកបានច្បាស់លាស់ បង្ហាញពីដំណើរការរបស់អាជីវកម្មរបស់អ្នក។ អ្នកមិនចាំបាច់ត្រូវការការរចនាអីល្អពេកទេ ឬវីដេអូល្អឥតខ្ជោះឡើយ។ មាតិកាដែលច្បាស់លាស់និងស្មោះត្រង់គឺគ្រប់គ្រាន់ទៅហើយដើម្បីកសាងទំនុកចិត្ត។ 

ការធ្វើឌីជីថលម៉ាឃីតធីងត្រូវការពេលវេលា

ការយល់ច្រឡំដ៏ធំមួយនោះគឺការរំពឹងទុកនូវលទ្ធផលរហ័សពីការធ្វើឌីជីថលម៉ាឃីតធីង។ ឌីជីថលម៉ាឃីតធីងមិនផ្តល់លទ្ធផលភ្លាមៗនោះទេ។ វាត្រូវការពេលវេលាក្នុងការឲ្យគេស្គាល់ និងកសាងទំនុកចិត្ត។ នៅពេលដែលអ្នកមានការធ្វើវាបានជាប់លាប់ មនុស្សនឹងចាប់ផ្តើមស្គាល់ឈ្មោះអាជីវកម្មរបស់អ្នក។ យូរទៅ វានឹងនាំមកនូវ ការផ្ញើសារ ការខល ការមកមើល និងការលក់។ អាជីវកម្មដែលព្យាយាមធ្វើវាដោយភាពជាប់លាប់នឹងឃើញនូវលទ្ធផលប្រសើរជាងអ្នកដែលឈប់ធ្វើតាំងពីដំបូង។ 

ឌីជីថលម៉ាឃីតធីងអាចធ្វើបានទៅតាមទំហំថវិកាចំណាយគ្រប់បែប

ការធ្វើឌីជីថលម៉ាឃីតធីងមិនចាំបាច់ចំណាយថវិកាច្រើននោះទេ។ ការធ្វើជាច្រើនដែលមានប្រសិទ្ធភាពគឺមិនចាំបាច់ប្រើលុយឡើយ ដូចជា ការផូសលើបណ្តាញសង្គម ការតបខមិន ការធ្វើបច្ចុប្បន្នភាពលើប្រូហ្វាលហ្គូកហ្គល ការសុំការរីវីយូពីអតិថិជនជាដើម។ បើទោះជាប្រើការផ្សាយពាណិជ្ជកម្មដោយចំណាយលុយក៏ដោយ ការចំនាយតិចនៅតែមានប្រសិទ្ធភាពប្រសិនបើមូលដ្ឋានគ្រឹះនៃទំនុកចិត្តត្រូវបានបង្កើតរួច។ 

សេចក្តីសន្និដ្ឋាន

ការធ្វើឌីជីថលម៉ាឃីតធីងមិនមានអ្វីស្មុគ្រស្មាញនោះទេ។ វាគ្រាន់តែជាការប្រើប្រាស់វេទិកាអនឡាញដើម្បីជួយអតិថិជនឲ្យរកឃើញអាជីវកម្មរបស់អ្នក យល់ពីការផ្តល់ជូនរបស់អ្នក និងទុកចិត្តអ្នក។ សំរាប់ម្ចាស់អាជីវកម្ម គោលដៅសំខាន់ពុំមែនជាការធ្វើដោយល្អឥតខ្ជោះនោះទេ។ គោលដៅនោះគឺជាការធ្វើឲ្យគេស្គាល់ ផ្តល់ប្រយោជន៍ និងមានភាពជាប់លាប់។ នៅពេលធ្វើបានត្រឹមត្រូវ ឌីជីថលម៉ាឃីតធីងពិតជាក្លាយជាឧបករណ៍ដ៏មានថាមពលក្នុងការជំរុញការរីកចម្រើនរបស់អាជីវកម្មក្នុងរយៈពេលវែង។ 


Discover more from Nara Agency

Subscribe to get the latest posts sent to your email.

Leave a Reply