អាជីវកម្មជាច្រើននៅប្រទេសកម្ពុជាជួបប្រទះនៅបញ្ហាដូចគ្នា។ ពួកគេដឹងថាហ្វេសប៊ុកមានសារសំខាន់ ប៉ុន្តែ នៅពេលដែលពួកគេចង់ផូសអ្វីមួយ ពួកគេមិនដឹងថា ត្រូវផូសនិយាយពីអ្វី ឬចែករំលែកពីអ្វី។ ពីថ្ងៃឡើងដល់សប្តាហ៍ សប្តាហ៍ឡើងដល់ខែ ផេកហ្វេសប៊ុករបស់ពួកគេនៅតែគ្មានសកម្មភាព។ ប៉ុន្តែនេះជារឿងធម្មតា ហើយវាពុំមានន័យថា អាជីវកម្មនោះបានបរាជ័យក្នុងការធ្វើទីផ្សារឡើយ។ ជាធម្មតា វាមានន័យថា អាជីវកម្មនោះកំពុងតែគិតច្រើនជ្រុលអំពីមាតិកាដែលត្រូវផូសផ្សាយ។
ការពិតនោះគឺថា មាតិកាលើហ្វេសប៊ុកដែលមានប្រសិទ្ធភាពមិនចាំបាច់មានការច្នៃប្រឌិតអ្វីខ្លាំងពេក ឬស្មុគ្រស្មាញអ្វីនោះទេ។ វាគ្រាន់តែត្រូវការភាពពិត ភាពមានប្រយោជន៍ និងភាពជាប់លាប់។ នៅពេលដែលអាជីវកម្មយល់ពីបញ្ហានេះ ការផូសផ្សាយនឹងប្រែក្លាយជាភាពងាយស្រួលជាងមុន។
ត្រូវចងចាំពីមូលហេតុដែលទស្សនិកជនធ្វើការតាមដានផេកអាជីវកម្មរបស់អ្នក
មនុស្សមិនតាមដានផេកអាជីវកម្មរបស់អ្នកត្រឹមតែដើម្បីមើលការប្រូម៉ូតផលិតផលនោះទេ។ ពួកគេតាមដានផេកមួយដើម្បីរៀនសូត្រ ដើម្បីភ្ជាប់ទំនាក់ទំនង និងដើម្បីមើលថាតើអាជីវកម្មអ្នកគួរឲ្យទុកចិត្តបានឬទេ។ នៅពេលអ្នកយល់ពីចំនុចនេះ គំនិតក្នុងការធ្វើមាតិកានឹងកើតឡើងដោយឯកឯង។
ជំនួសឲ្យការសួរថា តើខ្ញុំគួរផូសអ្វីនៅថ្ងៃនេះ? អ្នកគួរតែសួរថា តើអ្វីទៅដែលមានប្រយោជន៍សំរាប់អតិថិជនរបស់ខ្ញុំនៅថ្ងៃនេះ? វិញ។ ការផ្លាស់ប្តូរផ្នត់គំនិតតូចមួយនេះជួយកំចាត់ចោលនូវសំពាធ ហើយបើកឳកាសសំរាប់គំនិតមាតិកាជាច្រើន។
ចែករំលែកពីអ្វីដែលកើតឡើងនៅក្នុងអាជីវកម្មរបស់អ្នកជារៀងរាល់ថ្ងៃ
រាល់អាជីវកម្មតែងតែមានសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃ ហើយសកម្មភាពទាំងនេះគឺជាមាតិកាមួយរួចស្រេចទៅហើយ។ ការរៀបចំផលិតផល ការបំរើសេវាជូនអតិថិជន ការទទួលទំនិញ ការរៀបចំហាង ឬការធ្វើការជាមួយក្រុមការងាររបស់អ្នក សុទ្ធតែជាមាតិកាដែលអាចចែករំលែកបាន។ រូបភាពសាមញ្ញៗ វីដេអូខ្លីៗដែលបង្ហាញពីការងារពិតជួយកសាងទំនុកចិត្ត។ អតិថិជនក្នុងប្រទេសកម្ពុជាចង់មើលឃើញនូវភាពពិត។ ពួកគេចង់ឃើញថា មានក្រុមការងារពិតៗ ដែលធ្វើការនៅខាងក្រោយផេក មិនមែនត្រឹមតែការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ។
ឆ្លើយសំនួរដែលអតិថិជនតែងតែសួរអ្នកជាញឹកញាប់
បើសិនអតិថិជនតែងតែសួរសំនួរដដែលៗតាមរយៈសារ ឬដោយផ្ទាល់ សំនួរទាំងនោះគឺជាគំនិតបង្កើតមាតិកាដ៏ល្អឥតខ្ជោះ។ ការផូសចម្លើយជាសាធារណៈជួយសន្សំសំចៃពេលវេលា និងជួយដល់អតិថិជននៅពេលអនាគតមានទំនុកចិត្តជាងមុន។
នៅពេលអាជីវកម្មមួយធ្វើការពន្យល់ពីតម្លៃ ដំណើរការ ពេលវេលា ឬព័ត៌មានលំអិតនៃសេវាកម្មដោយបើកចំហ វាជួយកាត់បន្ថយភាពស្ទាក់ស្ទើរ និងបង្កើតការសួរនាំពីអតិថិជនច្រើនជាងមុន។ ព័ត៌មានច្បាស់លាស់កសាងទំនុកចិត្ត ហើយទំនុកចិត្តនាំទៅរកការលក់។
ផ្តល់ការអប់រំជំនួសឲ្យការលក់គ្រប់ពេលវេលា
ការលក់ជាប់រហូតតែងរុញអតិថិជនទៅឆ្ងាយ។ មាតិកាបែបអប់រំមានប្រសិទ្ធភាពជាងដោយសារវាផ្តល់តម្លៃដោយគ្មានសំពាធ។
អាជីវកម្មមួយអាចចែករំលែកពីគន្លឹះ ដំបូន្មាន ឬកំហុសទូទៅ ដែលទាក់ទងនឹងវិស័យរបស់ខ្លួន។ ការធ្វើបែបនេះធ្វើឲ្យអាជីវកម្មអាចឈរជាទីផ្តល់ចំនេះដឹង និងតម្លៃ។ យូរៗទៅ អតិថិជនជាធម្មតាចូលចិត្តទិញពីអាជីវកម្មដែលជួយពួកគេឲ្យបានយល់ដឹង។
បង្ហាញភស្តុតាងថា អតិថិជនមានទំនុកចិត្តលើអាជីវកម្មរបស់អ្នក
ទំនុកចិត្តគឺជារបស់សំខាន់ក្នុងប្រទេសកម្ពុជា។ បើសិនអតិថិជនមិនទុកចិត្តលើអាជីវកម្មមួយ ពួកនឹងមិនទិញឡើយ បើទោះបីជាការផ្តល់ជូនវាល្អយ៉ាងណាក៏ដោយ។
ការចែករំលែកខមិន យោបល់ មតិ ឬបទពិសោធន៍របស់អតិថិជនជួយអ្នកតាមដានផ្សេងទៀតមានអារម្មណ៍ថាមានសុវត្ថិភាព។ បើទោះត្រឹមតែជាការកាត់រូបខមិន សារ ខ្លីក៏អាចផ្តល់ផលខ្លាំងផងដែរ។ មាតិកាប្រភេទនេះបង្កើតទំនុកចិត្តទៅកាន់អតិថិជនផ្សេងទៀតថា អតិថិជនបានជ្រើសរើសផលិតផល និងសេវាកម្មរបស់អាជីវកម្មអ្នករួចទៅហើយ។
និយាយអំពីផលិតផលឬសេវាកម្មរបស់អ្នកតាមរបៀបងាយយល់
អ្នកមិនចាំបាច់ត្រូវធ្វើប្រូម៉ូសិន ឬការបញ្ចុះតម្លៃគ្រប់ពេលនោះទេ ដើម្បីនិយាយពីអ្វីដែលអ្នកកំពុងលក់។ ការពន្យល់ពីរបៀបដំណើរការរបស់ផលិតផល មូលហេតុដែលវាផ្តល់ប្រយោជន៍ ឬ តើវាសាកសមបំផុតសំរាប់អ្នកណា គឺជាមាតិកាដ៏មានតម្លៃរួចស្រេចទៅហើយ។
អតិថិជនជាច្រើនស្ថិតក្នុងដំណាក់កាលនៃការសំរេចចិត្ត។ ការពន្យល់ច្បាស់លាស់ជួយពួកគេឲ្យរំកិលទៅកាន់ការទិញដោយមិនមានសំពាធ។
ប្រើប្រាស់រឿងតូចៗ ជំនួសឲ្យគំនិតធំៗ
អាជីវកម្មជាច្រើនបញ្ឈប់ការផូសដោយសារតែពួកគេគិតថា មាតិកាក្នុងបណ្តាញសង្គមត្រូវតែល្អឥតខ្ជោះ។ តាមពិត រឿងតូចៗផ្តល់លទ្ធផលល្អជាងគំនិតធំៗ។
ការចែករំលែកពេលវេលារីករាយរបស់អតិថិជន ភាពជោគជ័យណាមួយរបស់អាជីវកម្ម ឬមេរៀនដែលបានរៀនពីបទពិសោធន៍ធ្វើឲ្យផេកអាជីវកម្មរបស់អ្នកស្តែងចេញនូវលក្ខណៈជាមនុស្សពិតៗ។ ផូសទាំងនេះកសាងទំនាក់ទំនងផ្នែកអារម្មណ៍ ដែលវាមានប្រសិទ្ធភាពជាងការលក់ត្រង់ៗ។
មានភាពជាប់លាប់ មិនចាំបាច់ល្អឥតខ្ជោះនោះទេ
ភាពជាប់លាប់មានសារសំខាន់ជាងគុណភាព។ ការផូសបានទៀងទាត់ បើទោះជាមាតិកាសាមញ្ញៗ គឺប្រសើរជាងការផូសយូរៗម្តងដោយមានការរចនាល្អឥតខ្ជោះ។
ហ្វេសប៊ុកចូលចិត្តផេកដែលមានភាពសកម្ម ហើយអតិថិជនមានទំនុកចិត្តលើផេកដែលមានជីវិត។ វាល្អជាងក្នុងការផូសអ្វីដែលពិតជាជាងការនៅស្ងាត់ ដើម្បីរង់ចាំគំនិតផូសដែលល្អឥតខ្ជោះ។
ការផូសនឹងមានភាពងាយស្រួលក្នុងរយៈពេលមួយ
នៅពេលដែលអាជីវកម្មចាប់ផ្តើមផូសបានទៀងទាត់ គំនិតនឹងបន្តហូរមកឥតដាច់។ មតិយោបល់ពីអ្នកតាមដាន ការទំនាក់ទំនងជាមួយអតិថិជន និងការងារប្រចាំថ្ងៃនឹងក្លាយជាមាតិកាដែលអ្នកចង់ផូសជានិច្ច។
ផ្នែកដែលលំបាកបំផុតនោះគឺការចាប់ផ្តើម។ បន្ទាប់មក ការផូសនឹងក្លាយជាទំលាប់ ជាជាងការខំប្រឹង។
សរុបសេចក្តី
ការមិនដឹងថាត្រូវផូសអ្វីលើហ្វេសប៊ុកពុំមែនជាបញ្ហានៃការខ្វះភាពច្នៃប្រឌិតនោះទេ។ វាតាមពិតជាបញ្ហានៃផ្នត់គំនិត។ នៅពេលដែលអាជីវកម្មបញ្ឈប់នូវការព្យាយាមក្នុងការទាញចំណាប់អារម្មណ៍ហើយបែរមកព្យាយាមផ្តល់ជំនួយវិញ នោះគំនិតបង្កើតមាតិកានឹងក្លាយជារឿងសាមញ្ញ និងមានប្រសិទ្ធភាព។
ផេកបណ្តាញសង្គមហ្វេសប៊ុកមានប្រសិទ្ធភាពខ្លាំងនៅពេលដែលវាឆ្លុះបញ្ចាំងពីសកម្មភាពអាជីវកម្មពិត មនុស្សពិត និងតម្លៃពិត។ ដោយភាពជាប់លាប់ និងភាពស្មោះត្រង់ មិនថាអាជីវកម្មណាមួយក្នុងប្រទេសកម្ពុជាអាចរក្សានូវវត្តមានដ៏សកម្មនិងមានប្រសិទ្ធភាពនៅលើហ្វេសប៊ុក។
Nara Agency ជួយអាជីវកម្មគ្រប់ប្រភេទបង្កើតយុទ្ធសាស្ត្រមាតិកាដែលមានលក្ខណៈពិតប្រាកដ ចីរភាព និងផ្តោតលើការរីកលូតលាស់ពិត។ នៅពេលមាតិកាដើរស្របគ្នាជាមួយភាពពិតរបស់អាជីវកម្ម ការធ្វើទីផ្សារនឹងមានភាពងាយស្រួល និងមានប្រសិទ្ធភាពជាងមុន។
Discover more from Nara Agency
Subscribe to get the latest posts sent to your email.

